មហាជនបានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ Wendy Wu Tours ដែលបានយករូបប្រាសាទ អង្គរវត្ត របស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។
ហើយអ្វីដែលធ្វើឱ្យមហាជនខឹងយ៉ាងខ្លាំងនោះ នៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម
។កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ទន្ទឹមនឹងនោះ មហាជន ក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។
ចំពោះកំហុសឆ្គងនេះ ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ កញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ